(ភ្នំពេញ) ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣ ៖ ០៥ នាទីរសៀល ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) ដឹកនាំដោយលោកវរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចតាមបណ្តោយផ្លូវលេខ១០៨០ ភូមិស្រែអំបិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំពោះលទ្ធផល កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ០២ នាក់ ទី១-ឈ្មោះ ច័ន្ទ វីរៈ (ឡុង ឆេកូ) ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សោម វិវឌ្ឍន៍ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ។ចំណែកវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២.៩៨៨ ក្រាម (ជិត ៣គីឡូក្រាម) ។
បច្ចុប្បន្ន ជនល្មើសខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment