(បន្ទាយមានជ័យ) ៖ បុរសវ័យ ៤៥ឆ្នាំម្នាក់ បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកគ្រាប់ DK75 មកដំនៅនឹងផ្ទះ បណ្ដាលឱ្យផ្ទុះកក្រើកភូមិ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។នគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នគរបាល បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ជនរងគ្រោះបានទៅភ្ជួរចម្ការ ប្រទះឃើញហើយយកមកទុកនៅក្រោមជង្រុកជាង ១ឆ្នាំ មកហើយ ដោយមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ ។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះប្រភេទគ្រាប់ DK75 ដែលទុកនោះមកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោ បណ្ដាលឱ្យផ្ទុះស្លាប់ភ្លាមៗតែម្តង ។
ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ប្រពន្ធ និងកូន ដោយប្រពន្ធនៅរវល់នៅឯចម្ការ ចំណែកកូនទី១ ដេកលើផ្ទះ និងកូនទី២ អង្គុយមើលឪពុកដំគ្រាប់ ចម្ងាយប្រហែលជាង ១០ម៉ែត្រ តែមិនរងគ្រោះថ្នាក់នោះទេ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
No comments:
Post a Comment