ខេត្តបាត់ដំបង ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា វីដេអូរដែលពលករខ្មែរកកស្ទះខ្លាំងកើតឡើងនៅខាងទឹកដីថៃ ខណៈមន្ត្រីក្រសួងការងារស្នើចិត្តមហាជនមើលឃើញចំណុចល្អរបស់សមត្ថកិច្ចដែលខិតខំធ្វើការពីម៉ោង០៦ព្រឹកដល់ម៉ោង១០យប់ ។
សេចក្តីរាយការណ៍ពីខេត្តបាត់ដំបង និងបន្ទាយមានជ័យបានឱ្យដឹងថា ឈានមកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ការកកស្ទះនៅតែបន្តកើតមានក្នុងទឹកដីខាងថៃ ក្រោយពីពលករខ្មែរជាច្រើននាក់បន្តសម្រុកវិលចូលប្រទេសកំណើតវិញ ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ដូចយើងដឹងហើយថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ រដ្ឋាភិបាលថៃបានសម្រេចលើកលែងថ្លៃតម្លៃសេវាសម្រាប់ពលករកម្ពុជាដែលធ្វើដំណើរឆ្លងដែន ចេញ-ចូល ប្រទេសថៃ រយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ហើយខាងភាគី ខ្មែរយើង ក៏មិនគិតថ្លៃសេវាដូចគ្នា។
ចាប់តាំងពីដើមខែមេសាមក ដោយសារតែលើកលែងថ្ងៃសេវា Re-Entry ក៏ដូចជាពិធីបុណ្យចូលឆ្នាំកាន់តែកៀកមកដល់នោះ គេសង្កេតឃើញថា បងប្អូនពលករខ្មែរបានសម្រុកវិលចូលស្រុកយ៉ាងគំហុក ដែលធ្វើឱ្យមានការកកស្ទះ និងការផ្តល់ជូនសេវាមានការយឺតយ៉ាវ ដែលធ្វើឱ្យជនឆ្លៀតឱកាសមួយចំនួនបំប៉ោងព័ត៌មានវាយប្រហារមកលើសមត្ថកិច្ចនៅតាមបណ្តាច្រកព្រំដែននៃប្រទេសទាំងពីរ។
ជាក់ស្តែងវីដេអូខ្លីមួយឃ្លីបដែលបង្ហោះដោយពលករម្នាក់ ហើយត្រូវបានយកទៅបង្ហោះដោយផេកហ្វេសបុកនិងសារព័ត៌មាននានា យ៉ាងផុលផុសនោះ បានបង្កើតឱ្យមានការយល់ច្រលំលើមន្ត្រីខ្មែរនៅច្រកអន្តរជាតិភ្នំដី។
ឆ្លើយតបទៅនឹងការយល់ច្រលំខាងលើ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដី(គីឡូ១៣) បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី០៥ ខែមេសា គណនីហ្វេសប៊ុក ឈ្មោះ រ័ត្ន មង្គលបូរី ដែលបានធ្វើការបង្ហោះវីឌីអូ ដោយបាននិយាយថា – មិនដូចការគិត របស់ហ្វ្រីមិនស្រួលទេ តែបើចង់បានលឿនទាល់តែអស់៤០០បាត” និងសារព័ត៌មាន Prambeytis TV24h បានសរសេរថា – ថ្នាក់លើមិនអោយ យកលុយ (FREE) តែសេវាកម្មយឺតជាងសត្វខ្យងវារទៅទៀត បើទ្រាំមិនបានចង់បានសេវាលឿនទាល់តែអស់៤០០ បាត ដដែលជាដដែលទេលោកអើយ” ។
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) សូមជម្រាបជូនថា៖ វីឌីអូដែលបាន បង្ហោះអំពីទិដ្ឋភាពការកកស្ទះពលករ គឺ ស្ថិតនៅទីតាំងបញ្ហារបែបបទចេញពីប្រទេសរបស់នគរបាលអន្តោប្រវេសន៍ថៃ មិនមានការកកស្ទះនៅខាងកម្ពុជានោះទេ ហើយការកកស្ទះនោះក៏មិនមានចំនួនពលករច្រើនពេកនោះដែរ និងមិនមានការកកស្ទះរយៈពេលយូរដែរ។
ជាក់ស្តែង នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) មានមន្ត្រីនគរបាលអន្តោប្រវេសន៍ និងក្រុមការងារពាក់ព័ន្ធនៅប្រចាំការជាប់ជាប្រចាំ ដើម្បីរងចាំជួយសម្រួលដំណើរចូល-ចេញប្រទេសរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរឲ្យមានភាពឆាប់រហ័ស បញ្ចៀសការកកស្ទះ និងត្រៀមជួយសង្គ្រោះពលករដែលមានជំងឺទៀតផង។ សមត្ថកិច្ចកម្ពុជា បានជួបពិភាក្សាជាមួយអាជ្ញាធរថៃ និងត្រៀមលក្ខណៈជួបជាបន្តបន្ទាប់ទៀត ដើម្បីសម្របសម្រួល សុំឲ្យអាជ្ញាធរថៃយល់យោគព្រមទាំងជួយពន្លឿនកុំឲ្យមានការកកស្ទះ និងកុំឲ្យមានការយកលុយពីពលករខ្មែរយើង។
បន្ថែមពីលើការបំភ្លឺនេះ ឈានមកដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចេញសេចក្តីប្រកាសព័ត៍មានដោយបបញ្ជាក់ជូនសាធារណជនថា សំដៅអនុវត្តតាមស្មារតីនៃការព្រមព្រៀងគ្នារបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ថៃ ក្នុងការសម្រួលដំណើរ ចូល ចេញប្រទេសរបស់ពលរដ្ឋខ្មែរ ពិសេសពលករកម្ពុជានាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ បានរៀបចំនិងដាក់ចេញនូវយន្តការចាំបាច់ជាបន្តបន្ទាប់ ធ្វើយ៉ាងណាបង្កគ្រប់លក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋខ្មែយើង និងបញ្ចៀសមិនឱ្យមានការកកស្ទះ បញ្ហាសុខភាព និងបញ្ហានានាដែលអាចកើតឡើងជាយថាហេតុ។
ជុំវិញរឿងរ៉ាវនេះដែរ លោក កឹម ចំរើន មន្ត្រីក្រសួងការងារ ទទួលបន្ទុកពលករខ្មែរនៅថៃ បានអំពាវនាវសូមបងប្អូនដែលរិះគន់ ក៏ដូចជាបងប្អូនពលករ មើលឃើញចំណុចល្អរបស់អាជ្ញាធរមានសមត្ថកិច្ចខាងថៃនិងខ្មែរ ដែលបានជួយសម្រួលទាំងថ្ងៃឈប់សម្រាក បុណ្យទាន ពីម៉ោង ៦ព្រឹកដល់១០យប់ផង លោកថា ការកកស្ទះជៀសមិនផុតទេ ពេលបុណ្យទាន សូមយោគយល់អធ្យាស្រ័យគ្នាផង។
ដោយឡែករឿងសេវាVIPក៏ដូច្នេះ មន្ត្រីក្រសួងការងាររូបនេះ បានអំពាវនាវសូមបងប្អូនពលករដែលឆ្លងដែនពីថៃ សូមកុំបង់សេវារហ័សណាមួយឲសោះ ព្រោះមានបងប្អូនពលករបញ្ជាក់ថា ត្រូវបង់៤០០បាត នៅលើដីថៃ សេវាVIP គឺបងប្អូនត្រូវរង់ចាំវាយត្រាលើប៉ាស្ព័រតាមធម្មតា អាចស្ទះបន្តិចនាពេលព្រឹក យ៉ាងយូរ២ទៅ៣ម៉ោង ដោយសារពលករសម្រុកមកពេលព្រឹកច្រើន ខាងអាជ្ញាធរខ្មែរយើងមិនមានបង់សេវាអ្វីទេ កុំមានការយល់ច្រលំ។
គួរកត់សម្គាល់ថា យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាង ៩៧,៣៧៧នាក់ ក្នុងនោះជាពលករចំនួនជាង ៣១,០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញ ក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ៕
Monday, April 8, 2024
បកស្រាយវីដេអូរដែលពលករខ្មែរឈរតម្រងជួរស្រែកថា « របស់ free វាមិនស្រួលទេ »
Subscribe to:
Post Comments (Atom)
No comments:
Post a Comment